លោកបូជាចារ្យលូកា ប៉ូឡេលី៖ការធ្វើបុណ្យដាក់ទៀនទៅមនុស្សដែលកំពុងមានជីវិត ប្រសើជាងធ្វើបុណ្យដោយពឹងលើផ្សែងធូប!

ក្នុងអត្ថបទគម្ពីដំណឹងល្អក្នុងឳកាសបុណ្យភ្ជំបិណ្ឌគឺលូកា១២,៣៥-៤០ស្តីអំពី៖(ការប្រុងប្រៀបខ្លួន )ក្នុងអាទិត្យទី២៦ ក្នុងរដូវធម្មតា ឆ្នាំ(គ) លោកបូជាចារ្យលូកា ប៉ូឡេលី សព្វថ្ងៃកំពុងបំពេញបេសកកម្មនៅប្រទេសអីតាលី បានចែករំលែកយ៉ាងដូចច្នេះថា៖ ក្នុងអត្ថបទព្រះគម្ពីដំណឹងល្អបានបង្ហាញឲ្យយើងឃើញថាមានបុរស់អ្នកមានម្នាក់ពេលគាត់ស្លាប់គឺអ្នកនោះបានធ្លាក់ទៅក្នុងឋានរក ។តាមធម្មតាពេលយើងឃើញនណាម្នាក់មានទ្រព្យសម្បត្តិច្រើនប្រហែលយើងគឹតថា ជាបុណ្យវាសនារបស់គេដែលព្រះប្រទានឲ្យ ហេតុនេះពេលគេស្លាប់ទៅប្រហែលគេបានទៅស្ថានសួគ៌ ហេតុអ្វីក្នុងគម្ពីបាននិយាយថាបុរសអ្នកមាននោះធ្លាក់ចុះទៅឋានរកទៅវិញ?
បងប្អូនជាទីស្រឡាញ់!ក្នុងអត្ថបទគម្ពីនេះគឺធ្វើឲ្យយើងភ្ញាក់ខ្លួនថា អ្នកមានគឺពិបាកឡើងស្ថានបរមសុខណាស់ព្រោះគេគឹតតែអំពីប្រយោជន៍ផ្ទាល់ខ្លួន ហើយគេមិនបានចែករំលែកជាមួយអ្នកដទៃឡើយ ហេតុនេះធ្វើឲ្យសល់នូវទ្រព្យសម្បត្តិជាច្រើនហើយក្លាយទៅជាអ្នកមាន មនុស្សបែបនេះពេលគេស្លាប់ទៅគឺគ្នានកន្លែងណាសមរម្យសម្រាប់គេទេព្រោះគេជាមនុស្សអាត្មានិយម។ ក្នុងគម្ពីនេះក៏ចង់ប្រាប់ដល់អស់អ្នកដែលកំពុងលំបាក ឬក្រីក្រផងដែល ព្រោះអ្នកក្រតែងតែចង់មានបានដូចគេ ចេះតែគឹតថាមិនគ្រប់គ្រាន់ ចង់បាននេះ ចង់បាននោះ ព្រោះនេះគឺជាចិត្តលោភលន់របស់មនុស្សលោកមិនថាអ្នកមាន មិនថាអ្នកក្រ។
សូមបងប្អូនយកពេលវេលាខ្លះដើម្បីរិះគឹតខ្លួនឯង តើខ្ញុំបានចែករំលែក ឬជួយដល់នណាខ្លះ?កុំគឹតថាយើងមិនទាន់មាន ឬចាំដល់ពេលមានទើបជួយគេ ឬជួយព្រះសហគមន៍!មហិច្ឆិតារបស់មនុស្សគឺមិនចេះគ្រប់គ្រាន់នោះទេ! ក្នុងជីវិតរបស់យើងទោះបីក្រីក្រតោកយ៉ាកយ៉ាងណាក្តី តែទ្រព្យសម្បត្តិដែលយើងមានយ៉ាងមហិមារនោះគឺបេះដូងនៃសេចក្តីស្រឡាញ់ជាមួយអ្នកនៅជុំវិញខ្លួន អ្នកជិតខាង ប្រហែលមានអ្នកដែលកំពុងខ្វះខាតជាងយើងទៅទៀត ទោះជាយើងមិនមានលុយជួយគាត់ តែយើងអាចទៅសួរសុខទុក្ខ និង លើកទឹកចិត្តអ្នកដែលកំពុងត្រូវការកម្លាំងចិត្តពីមនុស្សជុំវិញខ្លួនដែរ។
ក្នុងឳកាសបុណ្យភ្ជំបិណ្ឌបងប្អូនតែងតែប្រុងប្រៀបខ្លួនដើម្បីទៅវត្ត ឬទៅព្រះវិហារដើម្បីធ្វើបុណ្យឧទ្ទិសកុសលជួនជីដូនជីតា ឬសាច់ញាត្តិដែលបានចែកឋានទៅ តែបងប្អូនកុំភ្លេចថាអស់លោកទាំងនោះមិនត្រូវការការធ្វើបុណ្យតាមបែបសង្គមសព្វថ្ងៃនេះទេ មិនត្រូវការយើងធ្វើបុណ្យធំទេ តែអស់លោកចង់ឲ្យយើងចេះធ្វើបុណ្យជាមួយមនុស្សដែលកំពុងមានជីវិតនៅរស់សព្វថ្ងៃនេះដែលកំពុងត្រូវការជំនួយខ្លះៗដើម្បីរស់បន្ត កុំចាំដល់គាត់ស្លាប់ទើបទៅអុជធូប ឬធ្វើបុណ្យឲ្យនោះគឺឥតន័យទេ។
បងប្អូនកុំព្យាយាមធ្វើបុណ្យធំដុំសម្រាប់អ្នកដែលស្លាប់ហើយដើម្បីឲ្យគេមើលមកសំបើម ឬឲ្យគេកោតសរសើរ នោះគឺយើងមិនទទួលបានផលបុណ្យអ្វីទេ គួតែធ្វើបុណ្យឧទ្ទិសជូនអ្នកដែលបានស្លាប់ខ្លះ និងយកចិត្តទុកដាក់ចំពោះអ្នកនៅដែលកំពុងមានជីវិត ជុំវិញខ្លួនយើង ដែលកំពុងត្រូវការសេចក្តីស្រឡាញ់ ការលើកទឹកចិត្ត និងការចែករំលែកខ្លះៗពីយើងទើបជីវិតយើងមានន័យ ទោះបីយើងជាអ្នកមាន ឬអ្នកក្រក្តី ការចែករំលែកគឺជាទង្វើរមួយយ៉ាងល្អប្រសើសម្រាប់ជីវិត និងបំពេញសេចក្តីអំណរឲ្យអ្នកដទៃ ហើយអាចឡើងទៅស្ថានបរមសុខដែរ។
ចូរធ្វើបុណ្យឲ្យបានត្រឹមត្រូវ ហើយមានអត្ថន័យសម្រាប់ខ្លួឯង ដូចក្នុងអត្ថបទព្រះគម្ពីខាងលើដែរ!៕
ដោយ៖ រឿន ស្រីម៉ាច